ឌឹហឺស្ស បិទបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ដោយជោគជ័យ ដែលជាសញ្ញានៃការពង្រីកខ្លួនយ៉ាងសំខាន់ក្នុងតំបន់អាស៊ី

ទីក្រុងEde ប្រទេសហូឡង់, ថ្ងៃទី3 មីនា, ក្រុមហ៊ុន De Heus Animal Nutrition មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីការបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ពី ក្រុមហ៊ុន ស៊ីជេ ជែលជីដាង ដោយជោគជ័យ។

ជំហានយុទ្ធសាស្ត្រនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រកំណើនរយៈពេលវែងរបស់ ឌឹហឺស្ស និងសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ក្រុមហ៊ុន ក្នុងការគាំទ្រដល់កសិករនៅទូទាំងតំបន់អាស៊ី។

ការទិញយកនេះបានពង្រឹងវត្តមានរបស់ ឌឹហឺស្ស នៅក្នុងប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងកម្ពុជា ដែលជាទីផ្សារសំខាន់ៗក្នុងផលប័ត្រដែលមានស្រាប់របស់ខ្លួន ព្រមទាំងផ្តល់ឱកាសឱ្យក្រុមហ៊ុនឈានជើងចូលទៅក្នុងទីផ្សារថ្មីៗចំនួនពីរផ្សេងទៀតគឺ៖ ប្រទេសកូរ៉េខាងត្បូង និងហ្វីលីពីន។ សរុបមក ប្រតិបត្តិការនេះរាប់បញ្ចូលរោងចក្រផលិតចំណីសត្វចំនួន ១៧ កន្លែង និងកសិដ្ឋានចិញ្ចឹមសត្វជាច្រើនទៀតនៅទូទាំងតំបន់។

រឹងមាំជាមួយគ្នា - នៅក្បែរកសិករ យើងបង្កើតឱ្យមានភាពលេចធ្លោ

វឌ្ឍនភាពពិតប្រាកដចាប់ផ្តើមចេញពីកន្លែងដែលសំខាន់បំផុត នោះគឺ៖ «កសិដ្ឋាន»។ តាមរយៈការរួមបញ្ចូលគ្នានូវជំនាញក្នុងស្រុកដ៏ស៊ីជម្រៅរបស់ ឌឹហឺស្ស និង ស៊ីជេ ជែលជីដាង ក្រុមការងាររបស់យើងនឹងមានសមត្ថភាពកាន់តែប្រសើរជាងមុនក្នុងការជួយដល់កសិករក្នុងស្រុកឱ្យមានលក្ខណៈវិជ្ជាជីវៈ បង្កើនប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញកាន់តែច្រើន។ យើងផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងជាមួយកសិករ ភ្នាក់ងារចែកចាយ និងដៃគូវិនិយោគគ្រប់រូប ហើយយើងប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចែករំលែកផលិតផល សេវាកម្ម ចំណេះដឹង និងការអនុវត្តល្អបំផុតរបស់យើង។ លើសពីនេះ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់ពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីជំរុញ និងអភិវឌ្ឍវិស័យចិញ្ចឹមសត្វក្នុងទីផ្សារទាំងនេះ។

ការតភ្ជាប់ខ្សែចង្វាក់តម្លៃ ដើម្បីសម្រេចបាននូវកំណើនប្រកបដោយចីរភាព និងកិច្ចសហការ

ដើម្បីជ្រោមជ្រែងបន្ថែមដល់កសិករ ឌឹហឺស្ស ដើរតួនាទីយ៉ាងសកម្មក្នុងការតភ្ជាប់ដៃគូពាក់ព័ន្ធក្នុងខ្សែចង្វាក់តម្លៃចំណីសត្វ។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូយុទ្ធសាស្ត្រ យើងនឹងបន្តជួយអតិថិជនរបស់យើងឱ្យទទួលបានពូជសត្វដែលមានគុណភាពល្អបំផុត ដោយបង្កើនការវិនិយោគលើកសិដ្ឋានបង្កាត់ពូជជ្រូក និងបសុបក្សីនៅទូទាំងតំបន់អាស៊ី។ ការធ្វើបែបនេះ គឺក្នុងគោលបំណងលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពដល់អតិថិជន ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងសរុបនៃឧស្សាហកម្មចិញ្ចឹមសត្វ។ ពូជសត្វលំដាប់ពិភពលោក បូករួមនឹងចំណីសត្វដែលមានគុណភាពខ្ពស់ និងសេវាកម្មគាំទ្រផ្នែកអាហារូបត្ថម្ភ ការចិញ្ចឹម និងពេទ្យសត្វ នឹងជួយកសិករដែលជាអតិថិជនរបស់យើង ឱ្យសម្រេចបាននូវភាពជោគជ័យផ្នែកសេដ្ឋកិច្ច និងចីរភាព។

ការជួយអតិថិជនក្នុងការលក់សត្វ ស៊ុត ត្រី និងទឹកដោះគោ ទៅកាន់រោងចក្រកែច្នៃ និងអាជីវករដែលមានទំនុកចិត្ត ក៏នៅតែជាអាទិភាពចម្បងផងដែរ។ រួមជាមួយផលិតផលហិរញ្ញវត្ថុថ្មីៗដែលយើងបានបង្កើតឡើងក្រោមកិច្ចសហការជាមួយធនាគារដៃគូយុទ្ធសាស្ត្រ យើងនឹងបន្តគាំទ្រអតិថិជនរបស់យើងតាមតម្រូវការជាក់ស្តែង។ ឌឹហឺស្ស នឹងបន្តផ្តោតលើតម្រូវការរបស់អតិថិជនជាចម្បង ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីដែលជួយសម្រួលដល់កំណើនប្រកបដោយចីរភាពរបស់ពួកគេ។

លោក Gabor Fluit អគ្គនាយក (CEO) នៃក្រុមហ៊ុន De Heus Animal Nutrition បានមានប្រសាសន៍ថា៖ ការទិញយកនេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងយុទ្ធសាស្ត្ររយៈពេលវែងរបស់យើង ដើម្បីពង្រឹងវត្តមានក្នុងតំបន់អាស៊ី។ តាមរយៈការរួមបញ្ចូលជំនាញបច្ចេកទេស និងទំនាក់ទំនងអតិថិជនដ៏រឹងមាំរបស់ CJ Feed & Care ជាមួយនឹងបទពិសោធន៍ជាសតវត្សរ៍របស់យើងលើផ្នែកអាហារូបត្ថម្ភសត្វ និងការគ្រប់គ្រងកសិដ្ឋាន យើងអាចពន្លឿនកំណើន និងផ្តល់គុណតម្លៃកាន់តែច្រើនដល់កសិករទូទាំងតំបន់។ យើងកំពុងរួមគ្នាបង្កើតអនាគតមួយដែលកសិករ និងសហគមន៍របស់ពួកគេអាចរីកចម្រើន និងរួមចំណែកដល់វិស័យចំណីសត្វដែលមានភាពធន់ និងចីរភាព។

លោក Harry Schimmel អគ្គនាយកក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច បានលើកឡើងថា៖ យើងពិតជាមានក្តីរំភើបចំពោះការបិទបញ្ចប់ការទិញយកនេះ។ ការរួមបញ្ចូលបទពិសោធន៍ និងចំណេះដឹងរបស់ ស៊ីជេ ជែលធីដាង ហ្វីដ ជាមួយនឹងអាជីវកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់យើងនៅកម្ពុជា ផ្តល់ឱ្យយើងនូវឱកាសក្នុងការពង្រឹង និងពន្លឿនការសន្យារបស់យើងចំពោះកសិករចិញ្ចឹមសត្វ និងវារីវប្បកម្មឯករាជ្យ៖ នោះគឺការធ្វើឱ្យអាជីវកម្មរបស់កសិករកាន់តែប្រសើរឡើងតាមរយៈចំណីសត្វ ពូជសត្វ និងការគាំទ្រផ្នែកបច្ចេកទេសដែលមានគុណភាពខ្ពស់បំផុត។ យើងរំពឹងរង់ចាំការធ្វើការងាររួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកសាងវិស័យចិញ្ចឹមសត្វ និងវារីវប្បកម្មឱ្យមានភាពរីកចម្រើន និងចីរភាពនៅកម្ពុជា។

លោក ចាន់ គឹមរិទ្ធី ភាគហ៊ុនិកនៃក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច បានមានប្រសាសន៍ថា៖ គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងយូរអង្វែងរបស់ ឌឹហឺស្ស ធីអិមអេច ក្នុងការគាំទ្រដល់កសិករចិញ្ចឹមសត្វឯករាជ្យរបស់កម្ពុជា។ ទិសដៅរបស់យើងគឺស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វឌ្ឍនភាព និងវិបុលភាពរយៈពេលវែង ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ ក្នុងនាមជាអ្នកដឹកនាំអាជីវកម្មម្នាក់ ខ្ញុំសូមគាំទ្រចក្ខុវិស័យជាតិនេះដោយភាពជឿជាក់ និងសុទិដ្ឋិនិយម ដែលជំរុញដោយតម្រូវការកើនឡើង និងសក្ដានុពលដ៏ធំធេងក្នុងវិស័យកសិកម្មរបស់កម្ពុជា។ ក្នុងនាមជាជនជាតិខ្មែរ ខ្ញុំមានមោទនភាពយ៉ាងក្រៃលែងដែលយើងអាចរួមចំណែកយ៉ាងមានន័យក្នុងដំណើរនេះ តាមរយៈការធានានូវការផ្គត់ផ្គង់ផលិតផលអាហារចាំបាច់សម្រាប់ប្រជាជនរបស់យើង និងតាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងប្រជាជាតិមួយដែលកាន់តែរឹងមាំ និងមានភាពធន់ជាងមុន។ ខ្ញុំសូមបញ្ចប់ដោយសារមួយដែលឆ្លុះបញ្ចាំងពីជំនឿ និងការប្តេជ្ញាចិត្តរួមរបស់យើងគឺ៖ ខ្មែរអាចធ្វើបាន។ សូមឱ្យស្មារតីនេះបន្តជំរុញ និងដឹកនាំការប្តេជ្ញាចិត្តរបស់យើងឆ្ពោះទៅកាន់អនាគតដ៏រឹងមាំសម្រាប់កម្ពុជា។ យើងរួមគ្នា អាចធ្វើបាន។