ឌឹហឺស្ស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយក ស៊ីជេ ជេលជីដាង ហ្វីដ

01 តុលា 2025
-
5 minutes

ឌឹហឺស្ស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយក ស៊ីជេ ជេលជីដាង ហ្វីដ

រ៉ូយ៉ាល់ ឌឹហឺស្ស ពង្រីកខ្លួននៅអាស៊ីតាមរយៈការទិញយក ស៊ីជេ ជេលជីដាង ហ្វីដ ការទិញយកនេះពង្រឹងជំហររបស់ ឌឹហឺស្ស នៅតំបន់អាស៊ី ផ្តល់លទ្ធភាពជាយុទ្ធសាស្រ្តទៅកាន់ ប្រទេសកូរ៉េខាងត្បូង និងហ្វីលីពីន និងពង្រឹងការប្តេជ្ញាចិត្តចំពោះ កសិករឯករាជ្យនៅទូទាំងតំបន់

ឌឹហឺស្ស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយក ស៊ីជេ ជេលជីដាង ហ្វីដ

ថ្ងៃទី១ តុលា ២០២៥៖ នៅថ្ងៃនេះ រ៉ូយ៉ាល់ ឌឹហឺស្ស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញភាគហ៊ុន 100% នៃប្រតិបត្តិការអាជីវកម្មរបស់ ស៊ីជេ ជេលជីដាង ហ្វីដ នៅក្នុងប្រទេសវៀតណាម ឥណ្ឌូនេស៊ី កម្ពុជា កូរ៉េខាងត្បូង និងហ្វីលីពីន។ ប្រតិបត្តិការនេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្រ្តកំណើនរយៈពេលវែងរបស់ ឌឹហឺស្ស។ វាឆ្លុះបញ្ចាំងពីមហិច្ឆតាបន្តរបស់ ឌឹហឺស្ស ក្នុងការផ្តល់អាហារប្រកបដោយសុវត្ថិភាព ជីវជាតិ និងតម្លៃសមរម្យ តាមរយៈកិច្ចគាំទ្រកសិករចិញ្ចឹមសត្វ និងវារីវប្បករឯករាជ្យនៅក្នុងតំបន់ទីផ្សារសំខាន់ៗ។ ការទិញយកនេះរួមបញ្ចូលរោងចក្រចំណីចំនួន១៧។

ជម្រុញកំណើនលើទីផ្សារដែលមានស្រាប់ និង ទីផ្សារថ្មីៗ

ចាប់តាំងពីការបោះជំហានចូលអាស៊ីដំបូងក្នុងឆ្នាំ2009 ឌឹហឺស្ស បានកសាងកេរ្តិ៍ឈ្មោះដ៏រឹងមាំនៅទូទាំងទ្វីប រួមទាំងការរីកចម្រើនយ៉ាងរហ័សនៅកម្ពុជា។ ការទិញយកក្រុមហ៊ុន ស៊ីជេ ជេលជីដាង ហ្វីដ នឹងពង្រឹងជំហរទីផ្សារនៅក្នុងប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងកម្ពុជា ស្របពេលដែលឈានជើងចូលទៅកាន់ទីផ្សារផ្ទាល់នៅកូរ៉េខាងត្បូង និងហ្វីលីពីន ដែលជាប្រទេសមានសារៈសំខាន់ជាយុទ្ធសាស្រ្តជាមួយកំណើនសក្តានុពលគួរឱ្យកត់សម្គាល់ក្នុងខ្សែរសង្វាក់ផលិតកម្មចំណីសត្វ។

ពង្រឹងខ្សែសង្វាក់តម្លៃបសុសត្វ និងវារីវប្បកម្មក្នុងស្រុក

ឌឹហឺស្ស មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ2011 ហើយក្នុងឆ្នាំ2020 តាមរយៈការបណ្តាក់ទុករួម បានក្លាយខ្លួនជា ឌឹហឺស្ស ធីអិមអេច។ ការប្តេជ្ញាចិត្តរបស់ ឌឹហឺស្ស ធីអិមអេច នៅរក្សាដដែលក្នុងការក្លាយជាកម្លាំងជំរុញដល់ភាពជោគជ័យ និងការអភិវឌ្ឍរបស់កសិករឯករាជ្យនៅកម្ពុជា។ ការទិញយកនេះបង្កើនលទ្ធភាពទទួលបាននូវ ចំណីគុណភាពខ្ពស់ ពូជសត្វល្អៗដូចជាកូនជ្រូក និងការគាំទ្របច្ចេកទេសចិញ្ចឹមដល់កសិករ ស្របជាមួយការរួមចំណែកយ៉ាងសកម្មដល់វឌ្ឍនភាពវិស័យចិញ្ចឹមសត្វ និងវារីវប្បកម្មនៅកម្ពុជាប្រកបដោយភាពរឹងមាំ និងប្រកួតប្រជែង។

លោក Gabor Fluit ដែលជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន រ៉ូយ៉ាល់ ឌឹហឺស្ស មានប្រសាសន៍ថា៖ “យើងខ្ញុំពិតជារីករាយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញភាគហ៊ុននេះ។ ការទិញយកនេះជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងកេរ្តិ៍ឈ្មោះរបស់យើងនៅទូទាំងទ្វីបអាស៊ី។ តាមរយៈការរួមបញ្ចូលគ្នានូវជំនាញរបស់យើងលើចំណីសត្វ ការគ្រប់គ្រងកសិដ្ឋាន និងសុខភាពសត្វ ជាមួយនឹងវត្តមានដ៏រឹងមាំរបស់ស៊ីជេ ជេលជីដាង ហ្វីដ យើងអាចបង្កើតគុណតម្លៃកាន់តែខ្ពស់សម្រាប់អតិថិជន ដៃគូ និងវិស័យទាំងមូល។ រួមគ្នា យើងនឹងបន្តជ្រោមជ្រែងដល់កសិករឯករាជ្យ និងរួមចំណែកដល់ប្រព័ន្ធស្បៀងអាហារប្រកបដោយភាពធន់ និងចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។   ៉

លោក Harry Schimmel នាយកប្រតិបត្តិ ឌឹហឺស្ស ធីអិមអេច មានប្រសាសន៍បន្ថែមថា: “ យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយប្រកាសអំពីកិច្ចព្រមព្រៀងទិញភាគហ៊ុននេះ។ ការទិញយកនេះផ្ដល់ឱ្យយើងខ្ញុំនូវឱកាស ដើម្បីបន្តពង្រឹងកេរ្តិ៍ឈ្មោះរបស់យើងនៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីការមានវត្តមានរបស់យើងនៅកម្ពុជាមក ក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច បានកសាងទំនាក់ទំនងដ៏រឹងមាំជាមួយកសិករចិញ្ចឹមសត្វ និងវារីវប្បករកម្ពុជាតាមរយៈការផ្គត់ផ្គង់ចំណីសត្វ ពូជសត្វ និងជំនួយបច្ចេកទេសដែលមានគុណភាពល្អបំផុត។ តាមរយៈការទិញយកក្រុមហ៊ុន ស៊ីជេ ជេលជីដាង ហ្វីដ (ខេមបូឌា) រួមជាមួយនឹងជំនាញ និងយុទ្ធសាស្ត្ររបស់យើងក្នុងការអភិវឌ្ឍន៍កសិករចិញ្ចឹមសត្វឯករាជ្យនៅកម្ពុជា យើងនឹងអាចបម្រើដល់តម្រូវការកសិករបានកាន់តែប្រសើរឡើង និងរួមចំណែកជាមួយពួកគាត់ទៅរកខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកដែលកាន់តែរឹងមាំ

ថ្លែងក្នុងឱកាសនេះ លោក ចាន់ គឹមរិទ្ធី ដែលជាភាគទុនិកក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច មានប្រសាសន៍ថា៖ “យុទ្ធសាស្ត្រទិញយកនេះ ជាភស្តុតាងនៃការប្តេជ្ញារយៈពេលវែងរបស់ក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច ក្នុងការគាំទ្រកសិករឯករាជ្យយើងនៅកម្ពុជា។ ចក្ខុវិស័យរបស់យើងស្របនឹងជាមួយរាជរដ្ឋាភិបាល យុទ្ធសាស្តបញ្ចកោណ តំណាក់កាលទី១៖ កសាងមូលដ្ឋានដើម្បីអភិវឌ្ឍឱ្យសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ 2050

ក្នុងនាមជាសហគ្រិនម្នាក់ ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់លើចក្ខុវិស័យជាតិនេះ និងជឿជាក់លើសក្ដានុពលនៃវិស័យកសិកម្មរបស់ប្រទេសយើង ដែលកំពុងមានការលូតលាស់យ៉ាងកត់សំគាល់។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងដែលអាចចូលរួមចំណែកក្នុងបេសកកម្មដ៏មានអត្ថន័យនេះ ដោយធានានូវការផ្គត់ផ្គង់ផលិតផលអាហារចាំបាច់ជាមូលដ្ឋានជូនប្រជាពលរដ្ឋរួមជាតិ និងរួមសហការជាមួយរាជរដ្ឋាភិបាលក្នុងការស្ថាបនាប្រទេសជាតិឱ្យកាន់តែរឹងមាំ និងមានភាពធន់។

ឈរលើស្មារតី ខ្មែរធ្វើបាន ខ្ញុំសូមឲ្យឃ្លានេះបន្តជាចក្ខុវិស័យ និងជាកម្លាំងចិត្តដ៏រឹងមាំនៃយើងក្នុងការកសាងអនាគតដ៏រុងរឿងសម្រាប់ប្រទេសកម្ពុជា។ រួមគ្នាខ្មែរអាចធ្វើបាន!   

រង់ចាំការអនុម័តបទប្បញ្ញត្តិ ប្រតិបត្តិការនេះត្រូវបានរំពឹងថានឹងបញ្ចប់នៅក្នុងឆមាសដំបូងនៃឆ្នាំ២០២៦៕